ព្រះត្រៃបិដក ភាគ ០៤
ទៅជាមួយនឹងភិក្ខុនោះទេតើ ភិក្ខុនោះមិនមែនជាអ្នកធ្វើ (សេចក្តីខុស)ទេ អ្នកចូរទៅឲ្យភិក្ខុនោះអត់ទោសទៅ។ ទើបបុរសនោះសូមទោសនឹងភិក្ខុនោះ។ លំដាប់នោះ ភិក្ខុនោះទៅកាន់ក្រុងសាវត្ថី ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងបបួលគ្នា ហើយដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាមសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងបបួលគ្នា ហើយដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាម ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាមទេ។ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាម ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។
ID: 636787595857234510
ទៅកាន់ទំព័រ៖