ព្រះត្រៃបិដក ភាគ ០៤
ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយបន្តិចបន្តួច ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចក៏បញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកមិនសមបីនឹងធ្វើ ធម្មីកថាបន្តិចបន្តួចដល់ភិក្ខុនី ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចបញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ទ្រង់តិះដៀលហើយ ក៏ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុដែលប្រកបដោយអង្គ៨ ឲ្យជាអ្នកប្រដៅភិក្ខុនី គឺភិក្ខុជាអ្នកមានសីលសង្រួមតាមបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ (មារយាទ) និងទីគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយមានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ១ ភិក្ខុជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនធម៌ទាំងឡាយណា ពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង តែងប្រកាសនូវព្រហ្មចរិយធម៌
ID: 636786886121029921
ទៅកាន់ទំព័រ៖