ព្រះត្រៃបិដក ភាគ ០៤

សហធម្មិក​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​២៩៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​នៅ​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​ឆ​ន្នៈ​ដ៏​មាន​អាយុ​តែង​ប្រព្រឹត្ត​អនាចារ​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ឆ​ន្នៈ​ ​អ្នក​កុំ​ធ្វើ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​កម្ម​ដែល​អ្នកធ្វើ​នេះ​ ​មិន​គួរ​ទេ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ​ដែល​ទ្រទ្រង់​វិន័យ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ន្នៈ​ដ៏​មាន​អាយុ​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​ពោល​ពាក្យ​ប្រកបដោយ​ធម៌​ ​មិន​គួរ​នឹង​ពោល​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​បាន​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ​ដែល​ទ្រទ្រង់​វិន័យ​នៅឡើយ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​នែ​ឆ​ន្នៈ​ ​ឮថា​ ​អ្នកឯង​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​ពោល​ពាក្យ​ប្រកបដោយ​ធម៌​ ​និយាយ​(​នឹង​ភិក្ខុ​ទាំងឡាយ​)​ ​យ៉ាងនេះ​វិញ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​បាន​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ​ដែល​ទ្រទ្រង់​វិន័យ​នៅឡើយ​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636787609498864767
ទៅកាន់ទំព័រ៖