ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៣
[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាប្រព្រឹត្តអនាចារ ហើយគិតថា ភិក្ខុទាំងឡាយចូរដឹងថា យើងទាំងឡាយត្រូវអាបត្តិដោយសេចក្តីល្ងង់ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ ក៏នាំគ្នាពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេស (ការសូត្រ) រាល់កន្លះខែ។ ភិក្ខុទាំងឡាយណាជាអ្នកមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ ម្តេចក៏នាំគ្នាពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេស រាល់កន្លះខែ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ កាលភិក្ខុកុំពុងសំដែងបាតិមោក្ខ ក៏នាំគ្នាពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ ពិតមែនឬ។
ID: 636787621338241940
ទៅកាន់ទំព័រ៖