ព្រះត្រៃបិដក ភាគ ០៤
(ដើម្បីសង្ឃហើយ) ហេតុអ្វីបានជាបង្អោនទៅដើម្បីបុគ្គលវិញ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដឹងថាលាភរបស់សង្ឃ គេបង្អោនទៅ (ដើម្បីសង្ឃហើយ) ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនោះក្តី អ្នកម្ចាស់ទាននោះប្រាប់ (ដល់ភិក្ខុនោះ)ក្តី។ ដែលហៅថា របស់សង្ឃ គឺលាភដែលទាយកបានថ្វាយ បានបរិច្ចាគដល់សង្ឃ។ ដែលហៅថាលាភនោះ បានដល់ចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សឈឺ ដោយហោចទៅ សូម្បីតែដុំនៃលំអិតក្តី ឈើស្ទន់ក្តី អម្បោះរងជើងដម្បាញក្តី (ក៏ហៅថាលាភក្នុងសិក្ខាបទនេះ)។ ដែលហៅថា គេបង្អោនទៅ គឺម្ចាស់របស់ គេបញ្ចេញវាចាថា ពួកខ្ញុំនឹងថ្វាយ ពួកខ្ញុំនឹងធ្វើ។ ភិក្ខុបង្អោនទៅដើម្បីបុគ្គលវិញ ត្រូវអាបត្តិបាចិត្តិយ។
ID: 636787641188187292
ទៅកាន់ទំព័រ៖