ព្រះត្រៃបិដក ភាគ ០៤
[៣៤៧] លាភគេបង្អោនទៅហើយ ភិក្ខុសំគាល់ថាគេបង្អោនទៅហើយ ត្រឡប់បង្អោនមកដើម្បីបុគ្គលវិញ ត្រូវអាបត្តិបាចិត្តិយ។ លាភគេបង្អោនទៅហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយបង្អោនមកដើម្បីបុគ្គលវិញ ត្រូវអាបត្តិទុក្កដ។ លាភគេបង្អោនទៅហើយ ភិក្ខុសំគាល់ថា គេមិនទាន់បង្អោនទៅទេ ហើយបង្អោនមកដើម្បីបុគ្គល មិនត្រូវអាបត្តិអ្វីឡើយ។ លាភគេបង្អោនទៅដើម្បីសង្ឃ តែភិក្ខុបង្អោនមកដើម្បីសង្ឃដទៃវិញក្តី ដើម្បីចេតិយក្តី ត្រូវអាបត្តិទុក្កដ។ លាភគេបង្អោនទៅហើយដើម្បីចេតិយ ភិក្ខុបង្អោនមកដើម្បីចេតិយដទៃវិញក្តី ដើម្បីសង្ឃក្តី ដើម្បីបុគ្គលក្តី ត្រូវអាបត្តិទុក្កដ។ លាភគេបង្អោនទៅដើម្បីបុគ្គលហើយ ភិក្ខុត្រឡប់បង្អោនមកដើម្បីបុគ្គលដទៃវិញក្តី ដើម្បីសង្ឃក្តី ដើម្បីចេតិយក្តី ត្រូវអាបត្តិទុក្កដ។ លាភគេមិនទាន់បង្អោនទៅទេ ភិក្ខុសំគាល់ថា គេបង្អោនទៅហើយ ត្រូវអាបត្តិទុក្កដ។ លាភគេមិនទាន់បង្អោនទៅទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ លាភគេមិនទាន់បង្អោនទៅទេ ភិក្ខុសំគាល់ថា គេមិនទាន់បង្អោនទេ មិនត្រូវអាបត្តិ។
ID: 636787641532216970
ទៅកាន់ទំព័រ៖