ព្រះត្រៃបិដក ភាគ ០៤

 ​[​៣៥៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ក្សត្រិយ៍​នោះ​ ​បាន​ដល់​ជន​អ្នកមាន​ជាតិ​ល្អ​ទាំងសងខាង​ ​គឺ​ខាង​មាតា​និង​ខាង​បិតា​ ​ជា​អ្នក​កាន់​យកជាតិ​ដ៏​បរិសុទ្ធ​ល្អ​ ​ដរាប​អំពី​គូ​នៃ​ជីដូនជីតា​គំរប់៧​ ​គេ​មិនបាន​បោះបង់ចោល​ ​មិនបាន​តិះដៀល​ដោយ​ជាតិ​។​ ​ដែល​ហៅថា​ ​បាន​មុទ្ធាភិសេក​ហើយ​ ​គឺ​ស្តេច​ដែលគេ​បាន​អភិសេក​ ​ដោយ​អភិសេក​ឲ្យ​ជា​ក្សត្រិយ៍​។​ ​ពាក្យ​ថា​ ​ស្តេច​មិនទាន់​យាង​ចេញ​ ​គឺ​ស្តេច​ម​មិនទាន់​ចេញ​អំពី​ក្រឡាព្រះបន្ទំ​។​ ​ពាក្យ​ថា​ ​ស្រីកែវ​មិនទាន់​ចេញ​ ​គឺ​មហេសី​ ​មិនទាន់​ចេញ​អំពី​ក្រឡាព្រះបន្ទំ​ ​ឬមួយ​ស្តេច​និង​មហេសី​ទាំងពីរ​ ​មិនទាន់​ចេញ​អំពី​ក្រឡាព្រះបន្ទំ​។​ ​ពាក្យ​ថា​ ​មិនទាន់​ទ្រង់​ជ្រាប​ជាមុន​ ​គឺ​ស្តេច​មិនទាន់​បាន​និមន្ត​ជាមុន​។​ ​ដែល​ហៅថា​ ​ធរណី​ ​គឺ​សំដៅយក​ធរណី​នៃ​ក្រឡាព្រះបន្ទំ​ ​(​បាន​ដល់​ក្រប​ទ្វារ​ខាងក្រោម​)​។​ ​ទី​ក្រឡាព្រះបន្ទំ​របស់​ស្តេច​ដែលគេ​តែងតាំង​ទុក​ ​ក្នុង​ទីណា​មួយ​ ​ដោយហោចទៅ​សូម្បីតែ​ទី​ដែលគេ​បិទបាំង​ព័ន្ធព័ទ្ធ​ដោយ​រនាំង​ ​ក៏​ហៅថា​ក្រឡាព្រះបន្ទំ​ទាំងអស់​។​ ​ពាក្យ​ថា​ ​ឈាន​កន្លង​ធរណី​ចូល​ទៅ​ ​សេចក្តី​ថា​ ​ភិក្ខុ​ឈានជំហាន​ទី១ឲ្យ​កន្លង​ធរណី​ចូល​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឈានជំហាន​ទី២ចូល​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636787645414579028
ទៅកាន់ទំព័រ៖