ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី២
[៣៥៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបងូតទឹកក្នុងស្ទឹងអចិរវតី។ មានព្រាហ្មណ៍ម្នាលទៀតបានទុកថង់ប្រាក់ចំនួន៥០០កហាបណៈលើគោក ហើយចុះងូតទឹកក្នុងស្ទឹងអវិរវតី (ឡើងមកហើយ) ក៏ភ្លេចថង់ប្រាក់ ដើរចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះក៏រើសយកដោយគិតថា ថង់នេះប្រាកដជាថង់ប្រាក់របស់ព្រាហ្មណ៍នោះ កុំបីវិនាសបាត់ឡើយ។ ឯព្រាហ្មណ៍នោះនឹកឃើញ ក៏ត្រឡប់វិលមកវិញដោយប្រញាប់ ហើយបានសួរភិក្ខុនោះយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់បានឃើញថង់ប្រាក់របស់ខ្ញុំដែរឬ។ ភិក្ខុនោះបានឲ្យថង់ប្រាក់នោះទៅដោយពាក្យថា យកចុះព្រាហ្មណ៍។ ទើបព្រាហ្មណ៍នោះបានគិតយ៉ាងនេះថា អញមិនគប្បីឲ្យរង្វាន់ដល់ភិក្ខុនេះ ដោយឧបាយដូចម្តេចហ្ន៎។ ព្រាហ្មណ៍នោះចោទប្រកាន់ថា បពិត្រលោកម្ចាស់ កហាបណៈរបស់ខ្ញុំមិនមែន៥០០ទេ របស់ខ្ញុំប្រាកដជា១០០០ រួចចាប់ភិក្ខុនោះហើយ ក៏លែងទៅ។ ចំណែកភិក្ខុនោះទៅកាន់អារាមហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច
ID: 636787646133460146
ទៅកាន់ទំព័រ៖