ព្រះត្រៃបិដក ភាគ ០៤
យ៉ាងនេះថា ភិក្ខុណាមួយចូលស្រុកក្នុងវេលាវិកាល ត្រូវអាបត្តិបាចិត្តិយ។ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៣៦៣] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូបទៅកាន់ក្រុងសាវត្ថីក្នុងកោសលជនបទ ក៏បានចូលទៅកាន់ស្រុកមួយ ក្នុងវេលាល្ងាច។ មនុស្សទាំងឡាយឃើញភិក្ខុទាំងនោះហើយ ក៏បានពោលនូវពាក្យនេះថា សូមលោកម្ចាស់ទាំងឡាយនិមន្តចូលមក។ ចំណែកភិក្ខុទាំងនោះសង្ស័យថា ព្រះដ៏មានព្រះភាគទ្រង់ឃាត់ហាមនូវការចូលស្រុកក្នុងវេលាវិកាលហើយ បានជាមិនហ៊ានចូលទៅ។ ចោរទាំងឡាយបានប្លន់ភិក្ខុទាំងនោះ។ ភិក្ខុទាំងនោះទៅក្រុងសាវត្ថី ហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលបានលាភិក្ខុផងគ្នា ហើយចូលស្រុកក្នុងវេលាវិកាលបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនបានលា ហើយចូលទៅកាន់ស្រុកក្នុងវេលាវិកាល ត្រូវអាបត្តិបាចិត្តិយ។ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
ID: 636787659013466840
ទៅកាន់ទំព័រ៖