ព្រះត្រៃបិដក ភាគ ០៤

 ​[​៣៦៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ទៅកាន់​ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ​ ​វេលា​ល្ងាច​បាន​ចូល​ទៅកាន់​ស្រុក​មួយ​។​ ​មនុស្ស​ទាំងឡាយ​ឃើញ​ភិក្ខុ​នោះ​ហើយ​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ថា​ ​សូម​លោកម្ចាស់​និមន្ត​ចូល​មក​។​ ​ចំណែក​ភិក្ខុ​នោះ​រង្កៀស​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឃាត់​ហាម​ ​ការដែល​មិនបាន​លា​ភិក្ខុ​ផងគ្នា​ ​ហើយ​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ទើប​មិន​ហ៊ាន​ចូល​ទៅ​។​ ​ពួក​ចោរ​ក៏​ប្លន់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ទៅដល់​ក្រុង​សាវត្ថី​ ​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លា​ភិក្ខុ​ដែល​មាននៅ​ជាមុន​ ​ហើយ​ទើប​ចូល​ស្រុកក្នុង​វេលាវិកាល​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិន​លា​ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ហើយ​។​
 ​[​៣៦៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ពស់​ចឹក​ភិក្ខុ​មួយ​រូប​។​ ​ភិក្ខុ​មួយ​រូប​ទៅកាន់​ស្រុក​ដោយ​គិតថា​ ​អញ​នឹង​ទៅ​យក​ភ្លើង​មក​។​ ​តែ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636787659364826936
ទៅកាន់ទំព័រ៖