ព្រះត្រៃបិដក ភាគ ០៤
រង្កៀសថា ព្រះដ៏មានព្រះភាគទ្រង់ឃាត់ហាមការមិនបានលាភិក្ខុដែលមាននៅ ហើយចូលស្រុកក្នុងវេលាវិកាល ទើបមិនហ៊ានចូលទៅ។ ភិក្ខុនោះក្រាបទូល ដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានកិច្ចប្រញាប់ដូច្នោះ មិនបាច់លាភិក្ខុដែលមាននៅ ហើយចូលស្រុកក្នុងវេលាវិកាលបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនបានលាភិក្ខុដែលមាននៅ ហើយចូលស្រុកក្នុងវេលាវិកាល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានកិច្ចប្រញាប់ដូច្នោះ។
[៣៦៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ភិក្ខុមាននៅ គឺភិក្ខុដែលគេគួរនឹងលាហើយចូលទៅ (កាន់ស្រុក)បាន។ ដែលហៅថា ភិក្ខុមិនមាននៅ គឺមិនមានភិក្ខុដែលគេគួរនឹងលាហើយចូលទៅ (កាន់ស្រុក)។ ដែលហៅថា វេលាវិកាលនោះ គឺតាំងពីថ្ងៃជ្រេពីត្រង់ទៅដរាបទល់នឹងអរុណរះឡើង។ ពាក្យថា ចូលទៅកាន់ស្រុក សេចក្តីថា ភិក្ខុឈានរំលងរបងនៃស្រុកដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។
ID: 636787659743478594
ទៅកាន់ទំព័រ៖