ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុឈានជំហានចូលទៅកាន់ឧបចារស្រុកដែលគ្មានរបង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានកិច្ចប្រញាប់ដូច្នោះ សេចក្តីថា លើកលែងតែកិច្ចប្រញាប់មានសភាពដូច្នោះ។
[៣៦៧] វេលាវិកាល (កាលមិនគួរ) ភិក្ខុសំគាល់ថាវេលាវិកាល ហើយមិនបានលាភិក្ខុដែលមាននៅ ចូលទៅកាន់ស្រុក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានកិច្ចប្រញាប់ដូច្នោះ។ វេលាវិកាល ភិក្ខុមានសេចក្តីសង្ស័យ ហើយមិនលាភិក្ខុផងគ្នាដែលមាននៅ ចូលទៅកាន់ស្រុក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានកិច្ចប្រញាប់ដូច្នោះ។ កាលមិនគួរ ភិក្ខុសំគាល់ថាកាលគួរ ហើយមិនលាភិក្ខុផងគ្នាដែលមាននៅ ចូលទៅកាន់ស្រុក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានកិច្ចប្រញាប់មានសភាពដូច្នោះ។ កាលគួរ ភិក្ខុសំគាល់ថាកាលមិនគួរ ហើយ(មិនលាភិក្ខុផងគ្នា ចូលទៅកាន់ស្រុក) ត្រូវអាបត្តិទុក្កដ។ កាលគួរ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលគួរ ភិក្ខុសំគាល់ថាកាលគួរ មិនត្រូវអាបត្តិឡើយ។
ID: 636787660069137221
ទៅកាន់ទំព័រ៖