ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៧
[៣៨១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សំពត់និសីទនៈ (សំពត់សម្រាប់ទ្រាប់អង្គុយ) ព្រះដ៏មានព្រះភាគទ្រង់បានអនុញ្ញាតហើយដល់ភិក្ខុទាំងឡាយ។ ឯពួកឆព្វគ្គិយភិក្ខុគិតថា សំពត់និសីទនៈ ព្រះដ៏មានព្រះភាគទ្រង់បានអនុញ្ញាតហើយ ៗក៏ប្រើប្រាស់សំពត់និសីទនៈទាំងឡាយមិនសមប្រមាណ ធ្វើឲ្យសំពត់និសីទនៈទាំងនោះសំយុងចុះពីខាងមុខខ្លះ ពីខាងក្រោយខ្លះនៃគ្រែនិងតាំង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងប្រើប្រាស់សំពត់និសីទនៈមិនសមប្រមាណសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រើប្រាស់សំពត់និសីទនៈមិនសមប្រមាណ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងប្រើប្រាស់សំពត់និសីទនៈមិនសមតាមប្រមាណទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ
ID: 636787670595729307
ទៅកាន់ទំព័រ៖