ព្រះត្រៃបិដក ភាគ ០៤
អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុទាំងឡាយដែលជនបាននិមន្តហើយ ឆាន់ក្នុងសំណាក់របស់ត្រកូលទាំងឡាយ។ បើមានភិក្ខុនីមកឈរបង្គាប់គេជិតទីនោះថា អ្នកទាំងឡាយចូរប្រគេនសម្លមកក្នុងទីនេះ អ្នកទាំងឡាយចូរប្រគេនបាយមកក្នុងទីនេះ។ ភិក្ខុទាំងនោះត្រូវបណ្តេញភិក្ខុនីនោះថា នែនាង ៗចូរថយចេញទៅសិន ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់។ ភិក្ខុសូម្បី១រូប បើមិនបានពោលបណ្តេញភិក្ខុនីនោះដោយពាក្យថា នែនាង ៗចូរថយចេញទៅ ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់ ដូច្នេះសិនទេ ភិក្ខុទាំងនោះត្រូវសំដែងដោយពាក្យថា ម្នាលអាវុសោ យើងត្រូវហើយនូវអាបត្តិឈ្មោះបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល មិនជាទីសប្បាយចិត្ត ឥឡូវយើងសូមសំដែងអាបត្តិនោះចេញ។
[៤០៣] ពាក្យថា ភិក្ខុទាំងឡាយដែលជនបាននិមន្តឆាន់ក្នុងសំណាក់របស់ត្រកូលទាំងឡាយ សេចក្តីថា ដែលហៅថា ត្រកូល បានដល់ត្រកូល៤ពួក គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលឈ្មួញ១ ត្រកូលអ្នកគ្រួ១។ ពាក្យថា ដែលគេនិមន្តឆាន់ គឺភិក្ខុដែលពួកជនបាននិមន្តឆាន់ដោយភោជនទាំង៥ ភោជនណាមួយ។ ដែលហៅថា ភិក្ខុនី គឺស្រីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃទាំងពីរពួក។
ID: 636788622604288518
ទៅកាន់ទំព័រ៖