ព្រះត្រៃបិដក ភាគ ០៤
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុបើទុកជាសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្តង្គតហើយ ទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។
[៤៤] ដែលហៅថា សង្ឃបានសន្មតនោះ គឺសង្ឃសន្មតដោយញត្តិចតុត្ថកម្មវាចា។ ត្រង់ពាក្យថា ព្រះអាទិត្យអស្តង្គតហើយ សេចក្តីថា ព្រះអាទិត្យលិចចុះហើយ។ ពួកស្រីដែលបានឧបសម្បទាក្នុងជំនុំសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ សេចក្តីថា ភិក្ខុប្រដៅភិក្ខុនីដោយគរុធម៌៨ក្តី ដោយធម៌ដទៃក្តី ត្រូវអាបត្តិបាចិត្តិយ។
[៤៥] ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថា អស្តង្គតមែន ហើយទៅប្រដៅ (ភិក្ខុនី) ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយទៅប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត ហើយទៅប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅភិក្ខុនីដែលឧបសម្បទាហើយក្នុងជំនុំសង្ឃមួយចំណែក ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុសំគាល់ថាអស្តង្គតហើយ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត មិនត្រូវអាបត្តិអ្វីឡើយ។
ID: 636786891092054247
ទៅកាន់ទំព័រ៖