ព្រះត្រៃបិដក ភាគ ០៤
ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុសង្ស័យក្នុងត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខៈ ឥតមានគេនិមន្ត ឥតទាំងមានជម្ងឺ ហើយទទួលយកខាទនីយៈក្តី ភោជនីយៈក្តីដោយដៃរបស់ខ្លួន (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ត្រកូលដែលសង្ឃសន្មតថាជាសេក្ខៈ ភិក្ខុសំគាល់ថាត្រកូលដែលសង្ឃមិនបានសន្មតជាសេក្ខៈ ឥតមានគេនិមន្ត ឥតទាំងមានជម្ងឺ ហើយទទួលយកខាទនីយៈក្តី ភោជនីយៈក្តីដោយដៃរបស់ខ្លួន (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុទទួលរបស់ជាយាមកាលិក សត្តាហកាលិក និងរបស់ជាយាវជីវិក ដើម្បីប្រយោជន៍ដល់អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ត្រកូលដែលសង្ឃមិនបានសន្មតថាជាសេក្ខៈ ភិក្ខុសំគាល់ថាត្រកូល សង្ឃបានសន្មតជាសេក្ខៈវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងត្រកូលដែលសង្ឃមិនបានសន្មតថាជាសេក្ខៈ ត្រូវអាបត្តិទុក្កដ។ ត្រកូលដែលសង្ឃមិនបានសន្មតថាជាសេក្ខៈ ភិក្ខុសំគាល់ថាត្រកូលដែលសង្ឃមិនបានសន្មតថាជាសេក្ខៈមែន មិនត្រូវអាបត្តិឡើយ។
ID: 636788626619798192
ទៅកាន់ទំព័រ៖