ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ របស់ដែលទាយកបានឲ្យដំណឹងហើយ ភិក្ខុសំគាល់ថាគេមិនបានឲ្យដំណឹងទៅវិញ ត្រូវអាបត្តិទុក្កដ។ របស់ដែលទាយកបានឲ្យដំណឹងហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ របស់ដែលទាយកបានឲ្យដំណឹងហើយ ភិក្ខុសំគាល់ថាគេបានឲ្យដំណឹងមែន មិនត្រូវអាបត្តិឡើយ។
[៤១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺរបស់ដែលទាយកបានឲ្យដំណឹង១ ភិក្ខុមានជម្ងឺ១ ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈដែលសល់អំពីភិក្ខុដែលគេបានឲ្យដំណឹង ឬអំពីភិក្ខុមានជម្ងឺ១ ភិក្ខុទទួលយកខាទនីយៈ ឬភោជនីយៈពីខាងក្រៅអារាម (ហើយយកមក) ឆាន់ខាងក្នុងអារាម១ ភិក្ខុឆាន់មើមឈើក្តី សំបកឈើក្តី ស្លឹកឈើក្តី ផ្កាឈើក្តី ផ្លែឈើក្តី ដែលដុះនៅខាងក្នុងអារាមនោះ១ កាលបើមានហេតុ ភិក្ខុឆាន់របស់ជាយាមកាលិក សត្តាហកាលិក និងរបស់ជាយាវជីវិកបាន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១
(១)។
(១) តអំពីនេះទៅ មានបាលីប្រាកដក្នុងគម្ពីរខ្លះថា ឧទ្ទាននៃបាដិទេសនិយកណ្ឌនោះថា (មាន៤សិក្ខាបទ)គឺ ភិក្ខុចូលទៅកាន់ចន្លោះស្រុក ហើយទទួលយកចង្ហាន់អំពីដៃភិក្ខុនីដែលមិនមែនជាញាតិ១ ភិក្ខុមិនហាមឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជាគ្រហស្ថ១ ការឲ្យនូវសេក្ខសម្មតិ១ ការឆាន់ចង្ហាន់ក្នុងសេនាសនៈតាំងនៅក្នុងព្រៃ១
ID: 636788630149890102
ទៅកាន់ទំព័រ៖