ព្រះត្រៃបិដក ភាគ ០៤
ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនីដែលមានជម្ងឺបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ឯសម័យក្នុងសិក្ខាបទនេះ គឺភិក្ខុនីមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ។
[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីទាំងឡាយនៅក្នុងទីណា សូម្បីអស់រាត្រី១ ទៅនោះហៅថាទីនៅរបស់ភិក្ខុនី។ ពាក្យថា ចូលដល់ គឺទៅក្នុងទីនោះ។ ពួកស្រីដែលបានឧបសម្បទាក្នុងសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ គឺភិក្ខុប្រដៅដោយគរុធម៌៨ ត្រូវអាបត្តិអាចិត្តិយ។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកលែងតែមានសម័យ។ ភិក្ខុនីមិនអាចទៅទទួលឱវាទ ឬទៅនៅរួមសង្ឃកម្មបាន ហៅថាមានជម្ងឺ។
ID: 636786892792101485
ទៅកាន់ទំព័រ៖