ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុមិនត្រូវដើរក្រៅផ្លូវ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ដើរតាមផ្លូវទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយដើរក្រៅផ្លូវ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ដើរតាមផ្លូវ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
បកិណ្ណកៈមាន៣សិក្ខាបទ
[៤៩៤] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឈរបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនឈរបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ។
ភិក្ខុគ្មានជម្ងឺ មិនត្រូវឈរបន្ទោបង់ឧច្ចារៈ ឬបស្សាវៈទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ គ្មានជម្ងឺ ហើយឈរបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
ID: 636788673554952729
ទៅកាន់ទំព័រ៖