ព្រះត្រៃបិដក ភាគ ០៤
ដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៦១] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យ មិនហ៊ានផ្លាស់ប្តូរចីវរនឹងភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនសមបីនឹងមិនហ៊ានផ្លាស់ប្តូរចីវរនឹងពួកយើងសោះ។ ភិក្ខុទាំងឡាយបានឮពួកភិក្ខុនីនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ គឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ នេះបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ វៀរតែផ្លាស់ប្តូរគ្នា។
ID: 636786896196976232
ទៅកាន់ទំព័រ៖