ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៧
[៦៩] សម័យនោះឯង ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ដើរទៅយ៉ាងណា សមណៈទាំងឡាយនេះ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ ដើរទៅមួយអន្លើដោយភិក្ខុនីទាំងឡាយ យ៉ាងនោះឯង។ ភិក្ខុទាំងឡាយបានឮពាក្យមនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបីបើឆព្វគ្គិយភិក្ខុទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងបបួលភិក្ខុនី
ID: 636786899130774036
ទៅកាន់ទំព័រ៖