ព្រះត្រៃបិដក ភាគ ០៤
ដល់លោកម្ចាស់អង្គនេះ ចូរធ្វើ(ចង្ហាន់) ដល់លោកម្ចាស់នេះ ភិក្ខុនីនេះ ហៅថា ចាត់ចែង។ ដែលហៅថា បិណ្ឌបាត បានដល់ភោជនទាំង៥ ភោជនណាមួយ។ ពាក្យថា វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន សេចក្តីថា លើកទុកតែចង្ហាន់ដែលគ្រហស្ថគេផ្តើមជាមុន។ ដែលហៅថាគ្រហស្ថប្រារព្ធ គឺជនទាំងឡាយជាញាតិក្តី បិណ្ឌបាតដែលគេបវារណាក្តី ចង្ហាន់ដែលគេតាក់តែងជាប្រក្រតីក្តី។ ភិក្ខុទទួលបិណ្ឌបាតដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែបិណ្ឌបាត ដែលគ្រហស្ថប្រារព្ធជាមុន។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូល។
[៨២] ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាភិក្ខុនីចាត់ចែង ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុមានសេចក្តីសង្ស័យ ហើយឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាមិនបានចាត់ចែងទេ នឹងចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន ហើយឆាន់ មិនត្រូវអាបត្តិឡើយ។ ភិក្ខុឆាន់ភោជន ដែលភិក្ខុនីបានឧបសម្បទាក្នុងឯកតោសង្ឃបានចាត់ចែង ត្រូវអាបត្តិទុក្កដ វៀរលែងតែភោជនដែលគ្រហស្ថគេប្រារព្ធឡើងជាមុន។
ID: 636786904712633300
ទៅកាន់ទំព័រ៖