ព្រះត្រៃបិដក ភាគ ០៤

 [​៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​នឹង​ភិក្ខុ​ ​គឺ​នឹង​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​មានចិត្ត​ក្រោធ​ខឹង​ ​សេចក្តី​ថា​ ​មានចិត្ត​មិន​ត្រេកអរ​ ​មានចិត្ត​ដែល​ទោស​កំចាត់​បង់​ ​មានចិត្ត​រឹងរូស​។​
[​៧​]​ ​វិហារ​ដែលគេ​បរិច្ចាគ​ប្រគេន​ដល់​សង្ឃ​ ​ឈ្មោះថា​ ​វិហារ​របស់​សង្ឃ​។​ ​ពាក្យ​ថា​ ​ទង់ទាញ​ឯង​ ​គឺ​ភិក្ខុ​ចាប់​យក​ពី​ក្នុង​បន្ទប់​ ​ហើយ​ទង់ទាញ​ទៅ​ឯ​របៀងវិហារ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ចាប់​យក​ពី​ក្នុង​របៀង​ ​ហើយ​ទង់ទាញ​ទៅ​ខាងក្រៅ​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ទុកជា​ភិក្ខុ​ទង់ទាញ​ភិក្ខុ​ឲ្យ​កន្លង​ទ្វារ​ទាំងឡាយ​ជាច្រើន​ ​តែ​ដោយ​ប្រយោគ​មួយ​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យតែ​មួយ​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នោះ​ ​គឺ​បង្គាប់​អ្នកដទៃ​ ​(​ភិក្ខុ​អ្នក​បង្គាប់​នោះ​)​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​បង្គាប់​តែ​វារៈ​ម្តង​ ​អ្នកទទួល​បង្គាប់​ ​ទៅ​ទង់ទាញ​ភិក្ខុ​ដទៃ​ឲ្យ​កន្លង​ទ្វារ​សូម្បី​ច្រើន​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យតែ​មួយ​។​ ​
​[​៨​]​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សម្គាល់ថា​ជា​របស់​សង្ឃ​ដដែល​ ​ហើយ​មានចិត្ត​ក្រោធ​ខឹង​ ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មានចិត្ត​ក្រោធ​ខឹង​ ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636786876476828304
ទៅកាន់ទំព័រ៖