ព្រះត្រៃបិដក ភាគ ០៤
ភោជនវគ្គ បឋមសិក្ខាបទ
[៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានពួកជន១ពួកនៅជិតក្រុងសាវត្ថីបាននាំគ្នាតាក់តែងបិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាន។ ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រឹក ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ដល់មិនបានបិណ្ឌបាត ក៏នាំគ្នាទៅកាន់ផ្ទះសំណាក់ ឬរោងទាន (នោះ)។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ទាំងឡាយខាននិមន្តមកយូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព។ កាលនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាស្លៀកស្បង់ហើយប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក ចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាត ដល់មិនបាន ក៏នាំគ្នាទៅកាន់ផ្ទះសំណាក់ ឬរោងទាន (នោះ) ហើយឆាន់ ក្នុងថ្ងៃជាគំរប់ពីរផង ក្នុងថ្ងៃជាគំរប់បីផង។ ទើបឆព្វគ្គិយភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា យើងទាំងឡាយទៅអារាមធ្វើអ្វី យើងគួរតែមកក្នុងផ្ទះសំណាក់ ឬរោងទាននេះប៉ុណ្ណោះបានហើយ។ ឆព្វគ្គិយភិក្ខុទាំងឡាយនៅហើយនៅទៀតក្នុងផ្ទះសំណាក់នោះឯង
ID: 636786907299311249
ទៅកាន់ទំព័រ៖