ព្រះត្រៃបិដក ភាគ ០៤
[៩១] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ហើយបរិភោគអាវសថបិណ្ឌបាតឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគអាវសថបិណ្ឌបាតឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ ហើយឆាន់អាវសថបិណ្ឌបាតឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មិនត្រូវអាបត្តិឡើយ។
[៩២] អាបត្តិមិនមានដល់ភិក្ខុមានជម្ងឺ ដល់ភិក្ខុមិនមានជម្ងឺឆាន់តែម្តង ដល់ភិក្ខុដែលដើរទៅក្តី ដើរមកក្តី ហើយឆាន់
(១) ដល់ភិក្ខុដែលជនជាម្ចាស់ទានគេនិមន្តឲ្យឆាន់ ដល់ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែងចំពោះ ដល់ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែងមិនដល់មួយចំអែត អាបត្តិមិនមានដល់ភិក្ខុព្រោះឆាន់ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទទី១ ចប់។
(១) បានដល់ភិក្ខុមានដំណើរចេញពីស្រុក១ទៅស្រុក១ ចម្ងាយផ្លូវទៅមួយថ្ងៃ មកមួយថ្ងៃ ថ្ងៃទីមួយទៅឆាន់ម្តង ថ្ងៃទីពីរត្រឡប់មកវិញឆាន់ម្តងទៀត។
ID: 636786909164447929
ទៅកាន់ទំព័រ៖