ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី២
[៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តមានលាភសក្ការៈសាបសូន្យហើយ ព្រមទាំងបរិស័ទក៏នាំគ្នាដើរសូមរឿយៗក្នុងពួកត្រកូលហើយឆាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធបុត្រសក្យរាជ មិនគួរនឹងនាំគ្នាដើរសូមរឿយៗក្នុងពួកត្រកូលហើយឆាន់សោះ (ធម្មតាមនុស្ស) អ្នកណាមួយដែលមិនគាប់ចិត្តនឹងភោជនល្អ អ្នកណាមួយដែលមិនពេញចិត្តនឹងភោជនដ៏ឆ្ងាញ់ពីសារ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តព្រមទាំងបរិសទ្យ មិនគួរនឹងនាំគ្នាដើរសូមរឿយៗក្នុងត្រកូលទាំងឡាយហើយឆាន់សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលទេវទត្ត ឮថាអ្នកឯងព្រមទាំងបរិសទ្យនាំគ្នាដើរសូមរឿយៗក្នុងត្រកូលទាំងឡាយ ហើយឆាន់ ពិតមែនឬ។
ID: 636786909658346179
ទៅកាន់ទំព័រ៖