ព្រះត្រៃបិដក ភាគ ០៤
វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលទៅវិញ ហើយមានចិត្តក្រោធខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខាររបស់ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវភិក្ខុឲ្យចាកឧបចារនៃវិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខារនៃភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវអនុបសម្បន្នឲ្យចាកវិហារក្តី ចាកឧបចារនៃវិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខាររបស់អនុបសម្បន្ននោះ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គល ត្រូវអាបត្តិទុក្កដ ព្រោះវិហារជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារជារបស់បុគ្គលនៃខ្លួន គឺវិហាររបស់ខ្លួនឯង។
ID: 636786876730192796
ទៅកាន់ទំព័រ៖