ព្រះត្រៃបិដក ភាគ ០៤
[៩៦] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុដែលជាអ្នកធ្វើចីវរ ដោយចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ មិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជនបានក្នុងសម័យដែលធ្វើចីវរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៧] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់ផ្លូវឆ្ងាយ មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹងមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរបង្អង់ចាំ១រំពេច យើងទាំងឡាយនឹងត្រាច់ទៅដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយនោះ និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយនិមន្តឆាន់ក្នុងទីនេះចុះ។ ភិក្ខុទាំងឡាយ សង្ស័យ មិនទទួលដោយគិតថា
ID: 636786910676994442
ទៅកាន់ទំព័រ៖