ព្រះត្រៃបិដក ភាគ ៤០
អំពើណាមួយ ក៏សុទ្ធតែជាហេតុ នាំឲ្យអាត្មាអញ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ បុរសនោះ ខ្លាចចំពោះទោស ដែលឲ្យផល ក្នុងលោកខាងមុខ ទើបលះកាយទុច្ចរិត ចំរើនកាយសុចរិត លះវចីទុច្ចរិត ចំរើនវចីសុចរិត លះមនោទុច្ចរិត ចំរើនមនោសុចរិត ទើបឈ្មោះថា រក្សាខ្លួនឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសដែលឲ្យផល ក្នុងលោកខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ទោសមាន ២ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទំាងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នាំគ្នាខ្លាចចំពោះទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ន នាំគ្នាខ្លាចចំពោះទោស ដែលឲ្យផល ក្នុងលោកខាងមុខ ជាអ្នកខ្លាច ចំពោះទោស ជាប្រក្រតី ជាអ្នកឃើញភ័យ ក្នុងទោស ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរខ្លាចចំពោះទោស ជាប្រក្រតី គួរឃើញនូវភ័យ ក្នុងទោសជាប្រក្រតី គប្បីប៉ុនប៉ង ចំពោះហេតុ ដែលនាំឲ្យខ្លួនរួចផុតចាកទោសទាំងពួង។
ID: 636852729401818868
ទៅកាន់ទំព័រ៖