ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណ នៃតថាគត បានសម្រេចហើយ ដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏តថាគត បានសម្រេច ដោយសេចកី្តមិនប្រមាទដែរ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ គប្បីផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណា ដែលបុគ្គល គួរបានដល់ ដោយកំឡាំងរបស់បុរស ដោយសេចកី្តព្យាយាម របស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស (បើ) មិនទាន់ដល់គុណវិសេសនោះទេ នឹងមិនបពា្ឈប់នូវព្យាយាម ទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា សូម្បីអ្នកទាំងឡាយ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ដោយកាលមិនយូរឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នឹងផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណា ដែលបុគ្គលគប្បីបានដល់ ដោយកំឡាំងរបស់បុរស ដោយសេចកី្តព្យាយាម របស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស។
ID: 636852730238766739
ទៅកាន់ទំព័រ៖