ព្រះត្រៃបិដក ភាគ ៤០
[២៦២] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យរីករាយ នឹងព្រះមានព្រះភាគ លុះពោលពាក្យគួររីករាយ និងពាក្យគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះព្រហ្មណ៍នោះ អង្គុយក្នុងទីសមគួររួចហើយ ទើបក្រាបបង្គំទួលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុង អបាយ ទុគ្គតិ វិនិបាត នរក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះតែទំលាយរាងកាយ បន្ទាប់អំពីមរណៈទៅ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះហេតុប្រព្រឹត្ត មិនត្រូវតាមធម៌ ប្រព្រឹត្តមិនស្មើ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះហេតុប្រព្រឹត្តត្រូវតាមធម៌ ប្រព្រឹត្តស្មើ។
ID: 636852733366075611
ទៅកាន់ទំព័រ៖