ព្រះត្រៃបិដក ភាគ ៤០

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​ដូចជា​មនុស្ស​ ​ចាប់​របស់​ដែលគេ​ផ្កាប់​ ​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង​ ​ពុំ​នោះ​ ​ដូចជា​មនុស្ស​បើក​បង្ហាញ​របស់​ ​ដែលគេ​លាក់​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ភ្នែកភ្លឺ​ទាំងឡាយ​ ​នឹង​បានឃើញ​នូវ​រូប​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំ​ពី​ថែ្ង​នេះ​ទៅ​។​
 [​២៦៣​]​ ​គ្រានោះ​ ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រីករាយ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ពោល​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​បណ្តាល​ឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636852733591368497
ទៅកាន់ទំព័រ៖