ព្រះត្រៃបិដក ភាគ ៤០
កាលបើបុគ្គលធ្វើ ត្រង់អំពើដែលមិនគួរធ្វើនោះ នឹងបានទទួលទោសនេះ ម្នាលអានន្ទ តថាគត សំដែងថា បុគ្គលគួរធ្វើតែកាយសុចរិត វចីសុចរិត មនោសុចរិត មួយយ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់សំដែងថា បុគ្គលគួរធ្វើតែកាយសុចរិត វចីសុចរិត មនោសុចរិត តែមួយយ៉ាងនេះ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលគួរធ្វើនោះ តើនឹងបានទទួលអានិសង្ស ដូចម្ដេច។ ម្នាលអានន្ទ ដែលតថាគតសំដែងថា បុគ្គលគួរធ្វើតែកាយសុចរិត វចីសុចរិត មនោសុចរិត មួយយ៉ាងនេះ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលគួរធ្វើនោះ នឹងបានទទួលអានិសង្សដូច្នេះ គឺខ្លួនឯង នឹងតិះដៀលខ្លួនឯងមិនបានផង ពួកបណ្ឌិតពិចារណា ហើយតែង សរសើរផង កិតិ្តសព្ទដ៏ល្អ ល្បីទួទៅផង មិនវង្វេងស្លាប់ផង លុះទំលាយរាងកាយ បន្ទាប់អំពី មរណៈ ទៅកើតក្នុង សុគតិ សួគ៌ ទេវលោកផង ម្នាលអានន្ទ ដែលតថាគត សំដែងថា បុគ្គល គួរធ្វើតែកាយសុចរិត វចីសុច្ចរិត មនោសុចរិត មួយយ៉ាងនេះ កាលបើបុគ្គលធ្វើ ត្រង់អំពើ ដែលគួរធ្វើនោះ នឹងបានទទួលអានិសង្សនេះមិនខាន។
ID: 636852734417585754
ទៅកាន់ទំព័រ៖