ព្រះត្រៃបិដក ភាគ ៤០
[២៦៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គង់អាចនឹងលះអកុសលចេញបាន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មិនអាចនឹងលះអកុសលនោះចេញបានទេ តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអ្នកទាំងឡាយ អាចនឹងលះអកុសលចេញបាន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ បើអកុសលនេះ ដែលបុគ្គលលះរួចហើយ នៅតែប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដដែល តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអកុសល ដែលបុគ្គលលះរួចហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចកី្តសុខមែន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អាចនឹងចំរើនកុសលបាន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មិនអាចនឹងចំរើន កុសលនុ៎ះបានទេ តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា
ID: 636852734613526961
ទៅកាន់ទំព័រ៖