ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។
[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ
ID: 636852737096428975
ទៅកាន់ទំព័រ៖