ព្រះត្រៃបិដក ភាគ ៤០

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​សំដែង​ថា​ ​អំពើ​ដែល​បុគ្គល​គួរ​ធ្វើ​ ​ក៏​មាន​ ​ថា​មិន​គួរ​ធ្វើ​ ​ក៏​មាន​។​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែង​ថា​ ​អំពើ​គួរ​ធ្វើ​ក៏​មាន​ ​ថា​ ​អំពើ​មិន​គួរ​ធ្វើ​ក៏​មាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ពោល​ថា​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​ជា​អំពើ​មិន​គួរ​ធ្វើ​ ​ពោល​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ជាច្រើន​ប្រការ​ ​ថា​ជា​អំពើ​មិន​គួរ​ធ្វើ​ដែរ​។​ ​មួយទៀត​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ពោល​នូវ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​ថា​ជា​អំពើ​គួរ​ធ្វើ​ ​ពោល​នូវ​កុសលធម៌​ទាំងឡាយ​ ​ច្រើនប្រការ​ ​ថា​ជា​អំពើ​គួរ​ធ្វើ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ជា​អ្នក​សំដែង​ថា​ ​អំពើ​គួរ​ធ្វើ​ក៏​មាន​ ​ថា​ ​អំពើ​មិន​គួរ​ធ្វើ​ក៏​មាន​ ​យ៉ាងនេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ចាំទុក​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636852737504592320
ទៅកាន់ទំព័រ៖