ព្រះត្រៃបិដក ភាគ ៤០
លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (កាមាវចរទេវលោក) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះហើយ រមែងមានដំណើរមកកាន់មនុស្សលោកនេះម្តងទៀត ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្នុង រមែងមានដំណើរមកកាន់មនុស្សលោកនេះ។ ម្នាលអាវុសោ ចុះបុគ្គលមានសញ្ញោជនៈ ខាងក្រៅ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ បានចូលកាន់ចេតោវិមុតិ្ត ដែលជាធម្មជាតិស្ងប់ចាកកិសេលណាមួយ សម្រេចសម្រាន្តនៅ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (សុទ្ធាវាស ៥ ជាន់ ណាមួយ) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះ (ទៀតឡើយ) ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ។ ម្នាលអាវុសោ ហេតុដទៃ នៅមានទៀត
ID: 636852738111957060
ទៅកាន់ទំព័រ៖