ព្រះត្រៃបិដក ភាគ ៤០
[២៨២] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅប្របឆ្នេរស្រះកទ្ទមៈ ជិតក្រុងវរណា។ លំដាប់នោះ អារាមទណ្ឌព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ហើយនិយាយពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះអារាមទណ្ឌព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន។ ព្រះមហាកច្ចានៈតបថា ម្នាលព្រាហ្មណ៍ ពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន ព្រោះហេតុតែកាមរាគ ជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត។ បពិត្រព្រះកច្ចានៈ ដ៏ចំរើន ចុះអ្វីជាហេតុ ចុះអ្វីជាបច្ច័យ ដែលនាំឲ្យពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ។
ID: 636852739250292169
ទៅកាន់ទំព័រ៖