ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកស្ដេចមានកំឡាំង សម័យនោះ ពួកចោរក៏មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ស្ដេចនឹងមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទចុងដែនក្ដី តែងបានសេចក្ដីសុខសប្បាយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ នឹងមានដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏បានសេចក្តីសុខសប្បាយ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ មានកំឡាំង សម័យនោះ ពួកភិក្ខុបាប មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុបាប នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក នៅក្នុងកណ្ដាលជំនុំសង្ឃ ឬបែកខ្ញែក ទៅតាមទីផ្ដេសផ្ដាស។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីចំរើន ដល់ជនច្រើន ដើម្បីប្រយោជន៍ ទាំងសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
            
            
         
        
            
                ID: 636852740701625180 
                
            
            
                ទៅកាន់ទំព័រ៖