ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទ ទាំង ២ ពួកនេះ បរិស័ទមានវ័តដ៏ប្រសើរនុ៎ះ ទើបប្រសើរ។
[២៩០] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្ដេច។ គឺបរិស័ទមិនប្រសើរ ១ បរិស័ទប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ បរិស័ទមិនប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុជាទីកើតឡើងនៃទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទប្រសើរ។
ID: 636852742018550504
ទៅកាន់ទំព័រ៖