ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទរាបសា។ ម្នាលភិក្ខុទាំងឡាយ (បានជា) ធម្មកម្ម ប្រព្រឹត្តទៅបាន អធម្មកម្ម ប្រព្រឹត្តទៅមិនបាន វិនយកម្ម ប្រព្រឹត្តទៅបាន អវិនយកម្ម ប្រព្រឹត្តទៅមិនបាន ធម្មកម្មរុងរឿង អធម្មកម្មមិនរុងរឿង វិនយកម្មរុងរឿង អវិនយកម្មមិនរុងរឿង ព្រោះបរិស័ទប្រព្រឹត្តរាបសា។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំងពីរពួកនេះ បរិស័ទរាបសានុ៎ះ ទើបប្រសើរ។
[២៩៥] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្តេច។ គឺ បរិស័ទមិនប្រព្រឹត្តតាមធម៌ ១ បរិស័ទប្រព្រឹត្តតាមធម៌ ១។ បេ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មានពីរពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំងពីរពួកនេះ បរិស័ទប្រព្រឹត្តតាមធម៌នុ៎ះ ទើបប្រសើរ។
[២៩៦] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្តេច។ គឺ បរិស័ទមិនពោលតាមធម៌ ១ បរិស័ទពោលតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទមិនពោលតាមធម៌ តើដូចម្តេច។
ID: 636852746450263983
ទៅកាន់ទំព័រ៖