ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ កាន់យកអធិករណ៍ ត្រូវតាមធម៌ក្តី មិនត្រូវតាមធម៌ក្តី លុះភិក្ខុទាំងនោះ កាន់យកអធិករណ៍នោះហើយ មិនពន្យល់គ្នាទៅវិញទៅមកផង មិនប្រជុំពន្យល់គ្នាផង មិននាំគ្នាពិនិត្យមើលផង មិនប្រជុំគ្នា ពិនិត្យមើលផង ភិក្ខុទាំងនោះ មានការមិនយល់ជាកំឡាំង មានសេចក្តីមិនពិនិត្យជាកំឡាំង មានគំនិតមិនប្រុងលះបង់ជាប្រក្រតី រមែងប្រកាន់មាំ ដោយកំឡាំងទិដ្ឋិបរាមាសៈ ហើយពោលកាត់អធិករណ៍នោះថា នេះជាពាក្យពិតមែន ពាក្យដទៃឥតអំពើទេ ដូច្នេះ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមិនពោលតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទ ពោលតាមធម៌ តើដូម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ កាន់យកអធិករណ៍ ត្រូវតាមធម៌ក្តី មិនត្រូវតាមធម៌ក្តី លុះភិក្ខុទាំងនោះ កាន់យកអធិករណ៍នោះហើយ រមែងពន្យល់គ្នាទៅវិញទៅមកផង ប្រជុំពន្យល់គ្នាផង នាំគ្នាពិនិត្យមើលផង ប្រជុំគ្នាពិនិត្យមើលផង ភិក្ខុទាំងនោះ មានការយល់ជាកំឡាំង មានការពិនិត្យជាកំឡាំង មានគំនិតប្រុងនឹងលះបង់ជាប្រក្រតី មិនប្រកាន់មាំ ដោយកំឡាំងទិដ្ឋិបរាមាសៈ ហើយពោលកាត់អធិករណ៍នោះថា នេះជាពាក្យពិតមែន ពាក្យដទៃឥតអំពើទេ ដូច្នេះ ក្នុងបរិស័ទណា
ID: 636852746612273250
ទៅកាន់ទំព័រ៖