ព្រះត្រៃបិដក ភាគ ៤០
[២៩៩] ម្នាលភិក្ខុទាំងឡាយ កាលកិរិយារបស់បុគ្គលពីរពួក រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន។ បុគ្គលពីរពួក តើដូចម្តេច។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១។ ម្នាលភិក្ខុទាំងឡាយ កាលកិរិយា របស់បុគ្គលពីរពួកនេះ រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន។
[៣០០] ម្នាលភិក្ខុទាំងឡាយ ថូបារហបុគ្គល (បុគ្គលគួរដល់ថូប) នេះ មានពីរពួក។ ថូបារហបុគ្គល ពីរពួក តើដូចម្តេច។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ថូបារហបុគ្គល មានពីរពួកនេះឯង។
[៣០១] ម្នាលភិក្ខុទាំងឡាយ ព្រះពុទ្ធនេះ មានពីរពួក។ ព្រះពុទ្ធពីរពួក តើដូចម្តេច។ គឺ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ បច្ចេកពុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះពុទ្ធ មានពីរពួក នេះឯង។
[៣០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់។ បុគ្គលពីរពួក តើដូចម្តេច។ គឺភិក្ខុជាខីណាស្រព ១ ដំរីអាជានេយ្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះឯង រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់។
ID: 636852747327014131
ទៅកាន់ទំព័រ៖