ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខមានសមាធិនុ៎ះ ប្រសើរជាង។
[៣១៩] ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខទាំងពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីសុខរបស់បុគ្គល ដែលមានបីតិជាអារម្មណ៍ (បឋមជ្ឈាន និងទុតិយជ្ឈាន) ១ សេចក្ដីសុខ របស់បុគ្គលឥតមានបីតិជាអារម្មណ៍ (តតិយជ្ឈាន និងចតុត្ថជ្ឈាន) ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខរបស់បុគ្គល ដែលឥតមានបីតិជាអារម្មណ៍នុ៎ះ ប្រសើរជាង។
[៣២០] ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីសុខ ដែលមានសេចក្ដីត្រេអរជាអារម្មណ៍ ១ សេចក្ដីសុខ ដែលមានឧបេក្ខាជាអារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខ ដែលមានឧបេក្ខាជាអារម្មណ៍នុ៎ះ ប្រសើរជាង។
ID: 636852750069570996
ទៅកាន់ទំព័រ៖