ព្រះត្រៃបិដក ភាគ ៤០
[៣៨៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីក្រោធ១ ចងគំនុំ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។
[៣៨៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺការកំចាត់សេចក្ដីក្រោធ ១ កំចាត់បង់នូវគំនុំ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។
ចប់ អាយាចនវគ្គ ទី២។
[៣៨៦] ម្នាលភិក្ខុទាំងឡាយ ទានទាំងឡាយនេះ មានពីរយ៉ាង។ ទានពីរយ៉ាង តើដូចម្តេច។ គឺអាមិសទាន ១ ធម្មទាន ១។ ម្នាលភិក្ខុទាំងឡាយ ទានទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាទានពីរយ៉ាងនេះ ធម្មទាននុ៎ះ ប្រសើរជាង។
[៣៨៧] ម្នាលភិក្ខុទាំងឡាយ ការបូជាទាំងឡាយនេះ មានពីរយ៉ាង។ ការបូជាពីរយ៉ាង តើដូចម្តេច។ គឺការបូជាដោយអាមិសៈ ១ ការបូជាដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការបូជាទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការបូជាទាំងពីរយ៉ាងនេះ ការបូជាដោយធម៌នុ៎ះ ប្រសើរជាង។
ID: 636852757670565748
ទៅកាន់ទំព័រ៖