ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                 [១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។
 [១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។
 [១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។
            
            
         
        
            
                ID: 636852720465357732 
                
            
            
                ទៅកាន់ទំព័រ៖