ព្រះត្រៃបិដក ភាគ ៤០
ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង នឹងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីចំរើនធំទូលាយ។
[២៣០] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ អវិជ្ជា រមែងសាបសូន្យទៅ វិជ្ជារមែងកើតឡើង អស្មិមានះ រមែងសាបសូន្យទៅ អនុស័យ (កិលេស ដែលដេកត្រាំក្នុងសន្តាន) រមែងដល់នូវការរដកឡើង សញ្ញោជនៈ (កិលេស ជាគ្រឿងចងឆ្វាក់) រមែងសាបសូន្យទៅ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ អវិជ្ជា រមែងសាបសូន្យទៅ វិជ្ជារមែងកើតឡើង អស្មិមានះ រមែងសាបសូន្យទៅ អនុស័យ រមែងដល់នូវការដកឡើង សញ្ញោជនៈ រមែងសាបសូន្យទៅ។
[២៣១] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា តែងប្រព្រឹត្តទៅ ដើម្បីបាននូវអនុបាទាបរិនិព្វាន។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។
ID: 636852726695714088
ទៅកាន់ទំព័រ៖