ព្រះត្រៃបិដក ភាគ ៤០
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។
ID: 636852736842414446
ទៅកាន់ទំព័រ៖