ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ប្រព្រឹត្តតាមអដ្ឋកថាផង បាលីផង ដោយសូត្រទាំងឡាយ ដែលខ្លួនរៀនត្រឹមត្រូវ សមរម្យតាមព្យពា្ជនៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ទាំងបានសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ តែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតថេរបានផង។
ចប់ សមចិត្តវគ្គ ទី៤។
[២៨៧] ម្នាលភិក្ខុទាំងឡាយ បរិស័ទទាំងឡាយនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្ដេច។ គឺបរិស័ទរាក់ ១ បរិស័ទជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ បរិស័ទរាក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តរាយមាយ មានមានះដុះឡើង មានចិត្ត ឃ្លេងឃ្លោង មានមាត់រឹង មានពាក្យសំដីរោយរាយ មានស្មារតីភាន់ច្រឡំ មិនដឹងខ្លួន មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលវល់ មានឥន្ទ្រិយមិនតាំងនៅជាប្រក្រតី ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទរាក់។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទជ្រៅ តើដូចម្ដេច។
ID: 636852741183732755
ទៅកាន់ទំព័រ៖