ព្រះត្រៃបិដក ភាគ ៤០
តតិយបណ្ណាសក
[៣៦៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះ ដែលបុគ្គលលះបានដោយកម្រ។ សេចក្តីប្រាថ្នាពីរយ៉ាង តើដូចម្តេច។ គឺប្រាថ្នាលាភ ១ ប្រាថ្នាជីវិត ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះ បុគ្គលលះបានដោយកម្រ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គល ដែលធ្វើឧបការៈទុកមុន ១ បុគ្គលដឹងឧបការៈ ដែលគេធ្វើហើយ ធ្វើតបវិញ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។
[៣៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គលអ្នកឆ្អែត (ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រព) ១ បុគ្គលអ្នកឲ្យគេឆ្អែត (ព្រះអរហន្តសម្មាសម្ពុទ្ធ) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។
[៣៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយកម្រ។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គលចេះតែលាក់ទុក របស់ដែលបានមក ១ បុគ្គលដែលកញ្ជះកញ្ជាយ របស់ដែលរកបានមក ១។
ID: 636852754910807899
ទៅកាន់ទំព័រ៖